loader image

សេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

មេរោគគ្រុនផ្តាសាយបក្សី A/H5N1ក្នុងប្រទេសកម្ពុជា មិនមានការផ្លាស់ប្តូរដែលមានការពាក់ព័ន្ធនៃការចំលងពីមនុស្សទៅមនុស្សទេ

ផ្នែកវីរុសសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមជ្ឈមណ្ឌលជាតិនៃជំងឺគ្រុនផ្តាសាយតាំងពីឆ្នាំ២០០៧ និងជាមន្ទីរពិសាធន៍តំណាងក្នុងតំបន់ របស់អង្គការសុខភាពពិភពលោកតាំងពីឆ្នាំ២០១៣។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានទទួលវត្ថុវិភាគ ដើម្បីធ្វើការបញ្ជាក់ឡើងវិញពីវត្តមានមេរោគគ្រុនផ្ដាសាយបក្សី A/H5N1 ដែលបានរកឃើញដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបញ្ជាក់នៅថ្ងៃដដែលថា វត្ថុវិភាគគឺវិជ្ជមានមេរោគគ្រុនផ្ដាសាយបក្សី  A/H5N1 ហើយបានធ្វើ sequence របស់វីរុសក្នុងរយៈពេលតិចជាង២៤ម៉ោង។ បន្ទាប់ពីបានផ្តល់ព័ត៌មានជូនក្រសួងសុខាភិបាល លំដាប់ហ្សែនពេញលេញរបស់មេរោគគ្រុនផ្ដាសាយបក្សី A/H5N1 ត្រូវបានបញ្ជូនទៅទំព័រ GISAID នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។  វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្តធ្វើការជាមួយអាជ្ញាធរកម្ពុជា  និងអាជ្ញាធរអន្តរជាតិលើករណីនេះ ហើយពុំមានតម្រុយពីលទ្ធភាពនៃការឆ្លងពីមនុស្សទៅមនុស្ស របស់វីរុសនេះទេ។

 

យើងខ្ញុំសូមបញ្ជាក់ពីសេចក្តីថ្លែងការណ៍ថ្មីៗដែលបានចុះផ្សាយក្នុងសារព័ត៌មាន ទាក់ទងនឹងមេរោគគ្រុនផ្ដាសាយបក្សី A/H5N1 ថ្មីនៅក្នុងប្រទេសកម្ពុជា ដែលអាចត្រូវបានបកស្រាយខុសពីអត្ថន័យដើម។ ដោយអាចមានការយល់ច្រឡំជាមួយការអះអាងថា “មេរោគបានឆ្លងតាមរយៈមនុស្ស” (virus has already gone “through” humans) ដែលបានចុះផ្សាយក្នុងអត្ថបទសារព័ត៌មាន។

 

សំរាប់ការបំភ្លឺគឺ មេរោគគ្រុនផ្ដាសាយបក្សី A/H5N1 ដែលបានរកឃើញនៅក្នុងប្រទេសកម្ពុជាថ្មីៗនេះ មានការផ្លាស់ប្តូរមួយចំនួនដែលយើងអាចរំពឹងទុកជាមុន ហើយការផ្លាស់ប្តូរនេះត្រូវបានគេរកឃើញលើមេរោគដែលបានឆ្លងមកលើសត្វស្លាប ឬ មនុស្សពីមុនមក។ ទាំងនេះមិនបានបញ្ជាក់ថាមេរោគបានផ្លាស់ប្តូរ ឬបានសម្របខ្លួន ដែលអាចអោយវាឆ្លងពីមនុស្សទៅមនុស្សនោះទេ  ហើយក៏មិនបានបង្ហាញថាមេរោគនេះបានឆ្លងពីមនុស្សទៅមនុស្សផងដែរ។ ដូច្នេះ យើងខ្ញុំសូមបង្ហាញពីព័ត៌មានវិទ្យាសាស្រ្តថ្មីៗពីមេរោគផ្តាសាយបក្សី A/H5។

 

មេរោគផ្តាសាយបក្សី A/H5 កម្ររឆ្លងមកមនុស្សណាស់ តាំងពីត្រូវបានគេរកឃើញពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ មេរោគផ្តាសាយបក្សី A/H5 បង្ករជំងឺលើមនុស្សចំនួន ៨៧០ករណី ទូរទាំងសកលលោក ដែលក្នុងនោះមានមនុស្ស ចំនួន៤៥៨នាក់បានស្លាប់។ ទោះបីជាជំងឺគ្រុនផ្តាសាយបក្សីគឺជាជំងឺដ៏ធ្ងន់ធ្ងរ   ហើយរាល់ការឆ្លងមកមនុស្ស  បង្ករឱ្យមានការព្រួយបារម្ភខ្លាំង  មេរោគគ្រុនផ្តាសាយបក្សី A/H5 កម្ររបង្ករជំងឺលើមនុស្ស ហើយការឆ្លងកើតមានជាពិសេសដោយសារមានការប៉ះពាល់ដោយផ្ទាល់ជាមួយបក្សីមានផ្ទុកមេរោគ ឬកាកសំណល់របស់ពួកវា។ រហូតដល់ពេលនេះមិនមានមេរោគគ្រុនផ្តាសាយបក្សី A/H5 ណាមួយអាចមានលទ្ធភាពឆ្លងពីមនុស្សទៅមនុស្សនោះទេ។

 

លំដាប់ហ្សែនរបស់មេរោគផ្តាសាយបក្សី A/H5N1 នៅកម្ពុជា ដែលអាចរកបាននៅលើទំព័ររបស់ GISAID បង្ហាញពីវត្តមាននៃការផ្លាស់ប្តូរដែលកើតឡើងដោយធម្មជាតិ ហើយត្រូវបានគេធ្លាប់រកឃើញពីមុន ទាំងនៅលើមេរោគដែលបានឆ្លងមកលើសត្វស្លាប និង/ឬមនុស្ស។ មេរោគ A/H5N1 នៅកម្ពុជាមិនមានការផ្លាស់ប្តូរ PB2 627 ឬ hemagglutinin (HA) 225 ដែលត្រូវបានបង្ហាញតាមរយៈការពិសោធន៍ ថាអាចអោយវីរុស A/H5N1 មានលទ្ធភាពឆ្លងមកលើថនិកសត្វខ្លាំងជាងមុនទេ។ រាល់ពេលដែលមេរោគឆ្លងពីសត្វមកម្ចាស់ថ្មី វីរុសទាំងនោះអាចមានការផ្លាស់ប្តូរណាមួយ ដែលអនុញ្ញាតឱ្យវាមានលទ្ធភាពតិចតួចក្នុងការចម្លងទៅម្ចាស់ថ្មីនោះ។ ការផ្លាស់ប្តូរទាំងនេះមិនអាចបញ្ជាក់ពីការសម្របខ្លួនពេញលេញរបស់វីរុសក្នុងការចម្លងនោះទេ។

 

វត្តមាននៃការផ្លាស់ប្តូរទាំងនេះមិនមានន័យថាមេរោគបានសម្របខ្លួនជាមួយមនុស្ស ឬតាមវិធីណាក៏ដោយ អាចបង្ករការឆ្លងពីមនុស្សទៅមនុស្សទេ។ ការប្រែប្រួលនៃអាស៊ីតនុយក្លេអ៊ិករបស់វីរុសដែលកើតឡើងដោយធម្មជាតិទាំងនេះ គឺជាលទ្ធផលនៃការវិវត្តន៍ និងសម្ពាធជ្រើសរើសលើមេរោគគ្រុនផ្តាសាយបក្សី។ ការសម្របខ្លួនរបស់វីរុសតិចតួចទាំងនេះ ត្រូវបានគេរកឃើញនៅក្នុងព្រឹត្ដិការណ៍ឆ្លងវីរុសផ្តាសាយបក្សីលើមនុស្សកាលពីអតីតកាល ហើយមិន          បណ្តាលឱ្យមានការឆ្លងពីមនុស្សទៅមនុស្សជានិរន្តភាពឡើយ។ ចាំបាច់ត្រូវមានការវិភាគយ៉ាងម៉ត់ចត់ដើម្បីវាយតំលៃឥទ្ធិពលនៃការផ្លាស់ប្តូរលើមេរោគគ្រុនផ្តាសាយបក្សីថ្មីនេះ។

 

រាល់ការអះអាងមិនប្រាកដប្រជាថាមេរោគគ្រុនផ្តាសាយបក្សី A/H5N1 នេះបានសម្របខ្លួនជាមួយមនុស្ស ឬអាចឆ្លងរវាងមនុស្សនិងមនុស្ស អាចនាំឱ្យមានការភ័យខ្លាចក្នុងចំណោមសាធារណជនទូទៅអំពីហានិភ័យនៃជំងឺគ្រុនផ្តាសាយបក្សី។

 

ដូចនេះ វាមានសារៈសំខាន់ណាស់ដែលប្រព័ន្ធផ្សព្វផ្សាយបង្ហាញព័ត៌មានដែលត្រឹមត្រូវ និងមានតុល្យភាពដល់សាធារណជន។ យើងខ្ញុំជំរុញឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទទួលខុសត្រូវចំពោះព័ត៌មានដែលខ្លួនផ្សព្វផ្សាយ និងធានាថាការរាយការណ៍របស់ពួកគេ គឺផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងការដកស្រង់ដ៏ត្រឹមត្រូវ។

 

 

ការិយាល័យនាយក

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា